11 សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯង ចំរើនឲ្យបានគ្នាជាច្រើនលើសជាងឥឡូវនេះ ជា១ពាន់ដងទៅទៀតចុះ ហើយប្រទានពរ ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯងរាល់គ្នាដែរ
12 តែធ្វើដូចម្តេចឲ្យអញតែម្នាក់ឯង ទ្រាំទ្រនឹងឯងរាល់គ្នា ដែលជាបន្ទុក ហើយជាសេចក្ដីលំបាកដល់អញដូច្នេះ និងសេចក្ដីឈ្លោះប្រកែករបស់ឯងរាល់គ្នាទៅបាន
13 ចូរឲ្យឯងរាល់គ្នារើសយកមនុស្សដែលមានប្រាជ្ញា មានយោបល់ ហើយមានឈ្មោះក្នុងពូជអំបូរឯងរាល់គ្នាមក នោះអញនឹងតាំងគេឲ្យធ្វើជាមេលើឯងរាល់គ្នា
14 រួចឯងរាល់គ្នាបានឆ្លើយមកអញថា សេចក្ដីដែលលោកមានប្រសាសន៍មក នោះស្រួលហើយ
15 ដូច្នេះអញក៏បានយកពួកមេលើពូជអំបូរឯងរាល់គ្នាទាំងប៉ុន្មាន ដែលជាមនុស្សមានប្រាជ្ញា ហើយមានឈ្មោះតាំងគេឡើងលើឯងរាល់គ្នា គឺជាមេលើ១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ ព្រមទាំងនាយកផង តាមពូជអំបូររបស់ឯងរាល់គ្នា
16 នៅវេលានោះ អញក៏បានផ្តាំនឹងពួកកូនចៅក្រមនៃឯងរាល់គ្នាថា ចូរប្រុងស្តាប់រឿងក្តីរបស់ពួកបងប្អូនអ្នករាល់គ្នាចុះ ហើយជំនុំជំរះដល់បង និងប្អូន និងអ្នកដែលស្នាក់នៅជាមួយនឹងគេដោយយុត្តិធម៌
17 មិនត្រូវឲ្យអ្នករាល់គ្នាល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្រេចនៅព្រះវិញ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា នោះត្រូវនាំមកឯខ្ញុំវិញ ខ្ញុំនឹងជំនុំជំរះឲ្យ