ចោទិយ‌កថា 10:10-16 KHOV

10 នោះ​អញ​ក៏​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជា​កាល​មុន​ដំបូង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​អញ​នៅ​ជាន់​នោះ​ដែរ គឺ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បំផ្លាញ​ឯង​ទេ

11 ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ក្រោក​ឡើង​ដើរ​នាំ​មុខ​បណ្តា‌ជន​ចុះ ឲ្យ​គេ​បាន​ចូល​ទៅ ចាប់​យក​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ពួក​អយ្យកោ ថា​នឹង​ឲ្យ​ដល់​គេ។

12 ឥឡូវ​នេះ ឱ​អ៊ីស្រា‌អែល​អើយ សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង

13 ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ សំរាប់​ជា​សេចក្ដី​ល្អ​ដល់​ឯង

14 មើល ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែនដី ព្រម​ទាំង​របស់​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

15 ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ស្រឡាញ់​ដល់​ពួក​អយ្យកោ​ឯង ហើយ​ទ្រង់​បាន​រើស​ពូជ​គេ​ត​រៀង​មក គឺ​ឯង​រាល់​គ្នា ដែល​ទ្រង់​រាប់‌អាន​លើស​ជាង​អស់​ទាំង​សាសន៍ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

16 ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ចិត្ត​ចេញ ហើយ​កុំ​ឲ្យ​នៅ​ក្បាល​រឹង​ទៀត​ឡើយ