22 ត្រូវឲ្យឯងហូតយក១ភាគក្នុង១០ ពីផលដែលកើតពីស្រែចំការឯង រាល់តែឆ្នាំជាកុំខាន
23 រួចត្រូវបរិភោគដង្វាយ១ភាគក្នុង១០ ដែលឯងហូតពីទឹកទំពាំងបាយជូរ ពីប្រេង ហើយពីកូនសត្វដែលកើតដំបូង ក្នុងហ្វូងគោហ្វូងចៀមឯងទាំងប៉ុន្មាន នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើស សំរាប់នឹងតាំងព្រះនាមទ្រង់ ដើម្បីឲ្យឯងទំលាប់ឲ្យមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាដរាប
24 តែបើសិនជាផ្លូវនោះឆ្ងាយ ដល់ម៉្លេះបានជាឯងនឹងនាំយករបស់ទាំងនោះទៅឲ្យដល់មិនបាន ដោយព្រោះកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានរើស សំរាប់នឹងដាក់ព្រះនាមទ្រង់ នៅឆ្ងាយពីឯង ក្នុងវេលាដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានពរហើយ
25 នោះត្រូវលក់របស់ទាំងនោះយកជាប្រាក់វិញចុះ រួចវេចប្រាក់កាន់ជាប់នៅដៃ នាំយកទៅឯកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានរើស
26 ហើយនឹងចំណាយប្រាក់នោះ ទិញអ្វីៗតាមប្រាថ្នាបាន ទោះជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬគ្រឿងផឹកណា ឬរបស់អ្វីក៏ដោយ ដែលឯងគាប់ចិត្ត រួចនឹងបរិភោគនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង នៅទីនោះហើយត្រូវអរសប្បាយឡើង ព្រមទាំងពួកគ្រួឯងជាមួយនឹងឯងផង
27 ឯពួកលេវី ដែលនៅក្នុងទីក្រុងរបស់ឯង នោះមិនត្រូវលះចោលគេឡើយ ដ្បិតគេគ្មានចំណែក គ្មានមរដកជាមួយនឹងឯងទេ។
28 ដល់វេលាផុតរាល់តែ៣ឆ្នាំទៅ នោះត្រូវឲ្យយកដង្វាយ១ភាគក្នុង១០ ពីរបស់ដែលបានហូតពីផលកើតក្នុងឆ្នាំនោះឯង ចេញមកដាក់ទុកនៅត្រង់ទ្វារក្រុងឯងវិញ