1 បើសិនជាឃើញមានខ្មោចចង្គ្រាង នៅទីវាលក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យក ហើយគ្មានអ្នកណាដឹងជាអ្នកណាបានសំឡាប់ឡើយ
2 នោះត្រូវឲ្យពួកចាស់ទុំ និងពួកចៅក្រមរបស់ឯងចេញទៅវាស់ ចាប់ពីខ្មោចនោះ ទៅដល់ទីក្រុងទាំងប៉ុន្មានដែលនៅជុំវិញ
3 រួចទីក្រុងណាដែលឃើញថា នៅជិតខ្មោចនោះជាជាងគេ ត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះយកគោស្ទាវ១ ដែលមិនទាន់ប្រើការ ឬទឹមនៅឡើយ
4 ដឹកចុះទៅក្នុងច្រកភ្នំមួយដែលមានទឹកហូរ ជាកន្លែងមិនដែលភ្ជួររាស់ ឬសាបព្រោះឡើយ ហើយត្រូវបំបាក់កគោនៅត្រង់ច្រកនោះទៅ
5 រួចពួកលេវីដ៏ជាសង្ឃត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានរើសសំរាប់នឹងបំរើទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា និងរបួសទាំងប៉ុន្មាន នោះស្រេចនៅអ្នកទាំងនោះកាត់ឲ្យចុះ
6 នោះពួកចាស់ទុំគ្រប់គ្នារបស់ទីក្រុងណាមួយដែលជិតខ្មោចនោះជាជាងគេ ត្រូវលាងដៃពីលើគោស្ទាវដែលបានបំបាក់កនៅក្នុងច្រកនោះ