8 ឱព្រះយេហូវ៉ាអើយ សូមអត់ទោសដល់អ៊ីស្រាអែល ជារាស្ត្រទ្រង់ ដែលទ្រង់បានលោះផង សូមកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សដែលឥតទោស បាននៅជាប់កណ្តាលពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ឡើយ យ៉ាងនោះទោសពីការកំចាយឈាមនឹងបានអត់ឲ្យហើយ
9 ដូច្នេះឯងនឹងបានបំបាត់ការកំចាយឈាម ដែលឥតមានទោស ពីពួកឯងចេញ ដោយធ្វើការដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា។
10 បើកាលណាឯងចេញទៅច្បាំង និងពួកខ្មាំងសត្រូវ ហើយព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃឯង ឯងក៏បានចាប់គេនាំទៅជាឈ្លើយហើយ
11 រួចឃើញមានស្រីណាមានរូបស្រស់ល្អ នៅក្នុងពួកឈ្លើយនោះ ហើយឯងមានចិត្តប្រតិព័ទ្ធ ចង់យកធ្វើជាប្រពន្ធ
12 នោះត្រូវនាំនាងទៅឯផ្ទះឯង ឲ្យនាងកោរសក់ ហើយកាត់ក្រចក
13 ព្រមទាំងដោះអាវដែលពាក់ពីកាលចាប់បាននោះចេញ រួចត្រូវឲ្យនាងនៅក្នុងផ្ទះឯង ដោយយំសោកនឹងឪពុកម្តាយអស់១ខែគត់ ក្រោយនោះមក សឹមឯងចូលទៅឯនាង យកគ្នាជាប្ដីប្រពន្ធចុះ
14 លុះក្រោយទៅ បើមិនចូលចិត្តនឹងនាងវិញ នោះត្រូវបើកឲ្យទៅតាមតែចិត្ត មិនត្រូវលក់នាង ឬប្រព្រឹត្តនឹងនាងទុកដូចជាបាវបំរើឡើយ ដ្បិតឯងបានបន្ទាបនាងហើយ។