17 មិនត្រូវឲ្យឯងបង្វែរសេចក្ដីយុត្តិធម៌ ពីអ្នកប្រទេសក្រៅ ឬពីកូនកំព្រាឡើយ ក៏មិនត្រូវទទួលបញ្ចាំអាវរបស់ស្រីមេម៉ាយដែរ
18 ត្រូវឲ្យនឹកចាំថា ពីដើមឯងជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានលោះចេញមក ហេតុនោះបានជាអញបង្គាប់ឲ្យឯងប្រព្រឹត្តដូច្នេះ។
19 កាលណាច្រូតចំរូតនៅស្រែរបស់ឯង បើភ្លេចស្រូវ១កណ្តាប់នៅឯស្រែ នោះមិនត្រូវត្រឡប់ទៅយកវិញទេ ត្រូវទុកសំរាប់អ្នកដទៃ និងពួកកូនកំព្រា ហើយនឹងស្រីមេម៉ាយវិញ ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃឯងបានប្រទានពរដល់ឯង ក្នុងគ្រប់ការទាំងអស់ ដែលដៃឯងធ្វើ
20 កាលណាឯងវាយជំរុះផល ពីដើមអូលីវរបស់ឯងរួចម្តងហើយ នោះមិនត្រូវឡើងទៅធ្វើម្តងទៀតទេ ត្រូវទុកសំរាប់អ្នកដទៃ និងពួកកូនកំព្រា ហើយនឹងស្រីមេម៉ាយវិញ
21 កាលណាបេះផ្លែទំពាំងបាយជូររបស់ឯងហើយនោះ មិនត្រូវទៅ១សាទៀត ដើម្បីនឹងបេះចង្កោមដែលនៅសល់ទេ ត្រូវទុកសំរាប់ពួកអ្នកដទៃ និងពួកកូនកំព្រា ហើយនឹងស្រីមេម៉ាយវិញ
22 ត្រូវឲ្យនឹកចាំថា ពីដើមឯងជាបាវបំរើ នៅស្រុកអេស៊ីព្ទដែរ ហេតុនោះបានជាអញបង្គាប់ ឲ្យឯងប្រព្រឹត្តដូច្នេះ។