8 នោះទ្រង់ក៏នាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តា និងព្រះពាហុលើកសំរេច ព្រមទាំងធ្វើការគួរស្ញែងខ្លាចដ៏ធំ និងទីសំគាល់ហើយនឹងការអស្ចារ្យផង
9 ទ្រង់ក៏បាននាំយើងខ្ញុំចូលមកដល់ទីនេះ ហើយបានប្រទានស្រុកនេះ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរដល់យើងខ្ញុំរាល់គ្នា
10 ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ មើល ទូលបង្គំបាននាំយកផលដំបូងកើតពីដី ដែលទ្រង់បានប្រទានដល់ទូលបង្គំមកហើយ នោះត្រូវឲ្យឯងដាក់របស់ទាំងនោះ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង រួចក្រាបថ្វាយបង្គំដល់ទ្រង់
11 ហើយត្រូវរីករាយចំពោះគ្រប់ទាំងរបស់ល្អ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកចុះ ព្រមទាំងពួកគ្រួឯង និងពួកលេវី ហើយនឹងពួកអ្នកដែលស្នាក់នៅជាមួយនឹងឯងផង។
12 កាលណាឯងបានថ្វាយ១ភាគក្នុង១០ ពីផលរបស់ឯងទាំងប៉ុន្មាន នៅឆ្នាំទី៣ គឺជាឆ្នាំដែលត្រូវថ្វាយ១ភាគក្នុង១០នោះរួចហើយ នោះត្រូវចែកឲ្យដល់ពួកលេវី និងពួកអ្នកដែលស្នាក់នៅ ព្រមទាំងពួកកូនកំព្រា ហើយនឹងពួកស្រីមេម៉ាយផង ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគចំអែតគ្រប់គ្រាន់ នៅក្នុងទីក្រុងឯងដែរ
13 នោះត្រូវឲ្យទូលនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯងថា ទូលបង្គំបាននាំយកដង្វាយទាំងអស់ ចេញពីផ្ទះទូលបង្គំមក ហើយបានចែកឲ្យដល់ពួកលេវី និងពួកអ្នកដែលស្នាក់នៅ ព្រមទាំងពួកកូនកំព្រា និងពួកស្រីមេម៉ាយផង តាមបញ្ញត្តដែលទ្រង់បានបង្គាប់មកគ្រប់ជំពូកហើយ ទូលបង្គំមិនបានរំលងបញ្ញត្តទ្រង់ណាមួយឡើយ ក៏មិនបានភ្លេចដែរ
14 ទូលបង្គំមិនបានទទួលទានពីរបស់ទាំងនោះ ក្នុងកាលដែលកំពុងកាន់ទុក្ខឡើយ ក៏មិនបានបង្វែរអ្វីមួយសំរាប់ការស្មោកគ្រោក ឬឲ្យអ្វីសំរាប់ខ្មោចស្លាប់ដែរ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ហើយបានធ្វើតាមគ្រប់សេចក្ដីទាំងអស់ ដែលទ្រង់បានបង្គាប់មកហើយ