ចោទិយ‌កថា 28:28-34 KHOV

28 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​ចិត្ត​ឆ្ងល់​ភាំង

29 ឯង​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​ជា​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត​ដែរ ហើយ​ឯង​នឹង​ធ្វើ​ការ​អ្វី តាម​ផ្លូវ​ប្រព្រឹត្ត​របស់​ឯង ក៏​មិន​កើត​ឡើយ គេ​នឹង​សង្កត់‌សង្កិន​ឯង​ជានិច្ច ហើយ​បំបាត់​យក​របស់​ឯង​ជា​ដរាប ឥត​មាន​អ្នក​ណា​ជួយ​ឡើយ

30 ឯង​នឹង​ដណ្តឹង​ប្រពន្ធ តែ​នឹង​មាន​អ្នក​ឯ​ទៀត​រួម​ដំណេក​នឹង​នាង​វិញ ឯង​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ ឯង​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ទទួល​ផល​ផ្លែ​ទេ

31 គេ​នឹង​សំឡាប់​គោ​ឯង​នៅ​ចំពោះ​ភ្នែក​ឯង តែ​ឯង​មិន​បាន​បរិភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​ឯង​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​ឯង ទៅ​ពួក​ខ្មាំង​សត្រូវ​វិញ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឯង​ផង

32 គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​ដល់​សាសន៍​ដទៃ ភ្នែក​ឯង​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សំឡឹង​មើល​តាម​វា​ជានិច្ច ដៃ​ឯង​ក៏​នឹង​គ្មាន​កំឡាំង​សោះ

33 សាសន៍១​ដែល​ឯង​មិន​ស្គាល់ គេ​នឹង​ស៊ី​បំផ្លាញ​ផល​ពី​ដី និង​ការ​នឿយ​ហត់​របស់​ឯង​ទាំង​អស់ ឯង​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន​ជានិច្ច ហើយ​ជិះ‌ជាន់​ជា​ដរាប

34 ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​ឯង​មើល​ឃើញ​នឹង​ភ្នែក