ចោទិយ‌កថា 28:57-63 KHOV

57 ហើយ​ដល់​ទាំង​កូន​ខ្ចី ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​ខ្លួន​មក ព្រម​ទាំង​ដល់​កូន​ដែល​នឹង​សំរាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិភោគ​វា​ដោយ​សំងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​សត្រូវ​នៅ​ព័ទ្ធ​ជុំវិញ​នោះ​នឹង​វេលា​ដែល​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ឯង។

58 បើ​ឯង​មិន​ព្រម​ប្រយ័ត្ន និង​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ដ៏​មាន​សិរី‌ល្អ ហើយ​គួរ​ស្ញែង‌ខ្លាច​នេះ គឺ«ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង»

59 នោះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​របស់​ឯង បាន​ចំឡែក​អស្ចារ្យ ព្រម​ទាំង​សេចក្ដី​វេទនា​នៃ​ពូជ​ឯង​ផង គឺ​ជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​ជាប់​ជា​យូរ និង​ជំងឺ​គ្រាំ‌គ្រា​ដែល​នៅ​ជាប់​ជា​យូរ​ដែរ

60 ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​អស់​ទាំង​ជំងឺ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​បាន​ខ្លាច​នោះ​ទាំង​ប៉ុន្មាន ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​នឹង​ឯង

61 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​គ្រប់​ទាំង​ជំងឺ ហើយ​នឹង​សេចក្ដី​វេទនា​ទាំង​អស់ ដែល​មិន​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ទៀត ដរាប​ដល់​ឯង​បាន​វិនាស​បាត់​អស់​រលីង​ទៅ

62 ហើយ​ទោះ​ពី​ដើម​ឯង​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ​ក៏​ដោយ គង់​តែ​នឹង​នៅ​សល់​តែ​បន្តិច​ទេ ពី​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

63 នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិនាស ហើយ​នឹង​បំផ្លាញ​ឯង​រាល់​គ្នា​ចេញ ដូច​ជា​កាល​ពី​ដើម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​ចំរើន​ឯង​រាល់​គ្នា​ឡើង​នោះ​ដែរ ឯង​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ