ចោទិយ‌កថា 28:60-66 KHOV

60 ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​អស់​ទាំង​ជំងឺ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​បាន​ខ្លាច​នោះ​ទាំង​ប៉ុន្មាន ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​នឹង​ឯង

61 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​គ្រប់​ទាំង​ជំងឺ ហើយ​នឹង​សេចក្ដី​វេទនា​ទាំង​អស់ ដែល​មិន​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ទៀត ដរាប​ដល់​ឯង​បាន​វិនាស​បាត់​អស់​រលីង​ទៅ

62 ហើយ​ទោះ​ពី​ដើម​ឯង​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ​ក៏​ដោយ គង់​តែ​នឹង​នៅ​សល់​តែ​បន្តិច​ទេ ពី​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

63 នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិនាស ហើយ​នឹង​បំផ្លាញ​ឯង​រាល់​គ្នា​ចេញ ដូច​ជា​កាល​ពី​ដើម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​ចំរើន​ឯង​រាល់​គ្នា​ឡើង​នោះ​ដែរ ឯង​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ

64 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដ៏ទៃ​ធ្វើ​ពី​ឈើ ហើយ​នឹង​ថ្ម ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​ស្គាល់​សោះ

65 នៅ​ក្នុង​សាសន៍​ទាំង​នោះ ឯង​នឹង​រក​សេចក្ដី​ស្រណុក​មិន​បាន ហើយ​បាត​ជើង​ឯង​មិន​ចេះ​បាន​សំរាក​ឡើយ គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ចិត្ត​ឯង​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​ឯង​ស្រវាំង​ទៅ ហើយ​ឲ្យ​មាន​គំនិត​ព្រួយ​លំបាក​ដែរ

66 ទោះ​ទាំង​ជីវិត​ឯង ក៏​នឹង​គ្មាន​ទី​កំណត់​ដល់​ឯង​ផង ឯង​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ