6 កាលឯងរាល់គ្នាបានមកដល់ទីនេះ នោះស៊ីហុន ជាស្តេចក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសាន បានចេញមកច្បាំងនឹងយើង ហើយយើងក៏បានវាយឈ្នះគេ
7 យើងបានចាប់យកស្រុកគេ ក៏ចែកជាមរដកដល់ពួករូបេន ពួកកាឌ់ ហើយនឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង
8 ដូច្នេះចូរកាន់ ហើយប្រព្រឹត្តតាមអស់ទាំងពាក្យនៃសញ្ញានេះ ដើម្បីឲ្យឯងរាល់គ្នាមានសេចក្ដីចំរើនក្នុងគ្រប់ទាំងការដែលឯងធ្វើ។
9 នៅថ្ងៃនោះ ឯងទាំងអស់គ្នាកំពុងឈរ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង គឺទាំងពួកមេ ទាំងពូជអំបូរឯងទាំងប៉ុន្មាន និងពួកចាស់ទុំ ហើយនឹងពួកនាយករបស់ឯងរាល់គ្នា ជាបណ្តាសាសន៍អ៊ីស្រាអែលទាំងអស់គ្នា
10 ព្រមទាំងពួកកូនក្មេង និងប្រពន្ធឯង ហើយពួកអ្នកដទៃដែលនៅក្នុងពួកឯង តាំងពីពួកអ្នកកាប់ឧស ទៅដល់អ្នកដែលរែកទឹកឲ្យឯងផង
11 ប្រយោជន៍ឲ្យបានចុះសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃឯង និងសេចក្ដីសម្បថ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ស្បថនឹងឯងនៅថ្ងៃនេះ
12 គឺដើម្បីឲ្យទ្រង់បានតាំងឯង ទុកជារាស្ត្ររបស់ទ្រង់នៅថ្ងៃនេះ ហើយឲ្យទ្រង់បានធ្វើជាព្រះដល់ឯង ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯង ហើយដូចជាទ្រង់បានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកអយ្យកោឯងដែរ។