7 រួចព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងដាក់អស់ទាំងសេចក្ដីបណ្តាសាទាំងនេះ ទៅលើពួកខ្មាំងសត្រូវ និងលើពួកអ្នកដែលស្អប់ឯង ដែលគេបានធ្វើទុក្ខឯងវិញ
8 នោះឯងនឹងវិលមកឯព្រះយេហូវ៉ាវិញ ព្រមទាំងស្តាប់តាមព្រះបន្ទូលទ្រង់ ហើយប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់មកនៅថ្ងៃនេះ
9 រួចព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងចំរើនគ្រប់ទាំងការ ដែលដៃឯងធ្វើ ឲ្យមានជាបរិបូរ ព្រមទាំងផលកើតពីពោះឯង និងផលកើតពីហ្វូងសត្វ ហើយនឹងផលកើតពីដីឯងផង សំរាប់ជាសេចក្ដីល្អ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមានសេចក្ដីអំណរ ដើម្បីប្រោសឲ្យឯងបានសេចក្ដីល្អវិញទៀត ដូចជាពីដើមទ្រង់បានមានសេចក្ដីអំណរនឹងពួកអយ្យកោឯងដែរ
10 គឺបើឯងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ គឺបើឯងបែរមកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯង។
11 ដ្បិតសេចក្ដីបញ្ញត្ត ដែលអញបង្គាប់មកឯងនៅថ្ងៃនេះ មិនមែនហួសកំឡាំងឯងទេ ក៏មិនមែននៅឆ្ងាយដែរ
12 គឺមិនមែននៅលើស្ថានសួគ៌ ឲ្យឯងបានថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌ នាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាមនោះទេ
13 ក៏មិនមែននៅត្រើយសមុទ្រខាងនាយ ឲ្យឯងបានថា តើអ្នកណានឹងឆ្លងសមុទ្រ ទៅនាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាមនោះដែរ