1 ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងបញ្ចេញវាចា ហើយសូមឲ្យផែនដីស្តាប់ពាក្យ ដែលចេញពីមាត់ខ្ញុំដែរ
2 គោលលទ្ធិរបស់ខ្ញុំ នឹងធ្លាក់មកដូចជាភ្លៀង ហើយពាក្យសំដីខ្ញុំ នឹងចុះដូចជាទឹកសន្សើម គឺដូចជាភ្លៀងរលឹម មកលើស្មៅល្បាស់ខ្ចី ហើយដូចជាភ្លៀង១មេមកលើតិណជាតិទាំងឡាយដែរ
3 ពីព្រោះខ្ញុំនឹងប្រកាសប្រាប់ពីព្រះនាមព្រះយេហូវ៉ា ចូរសរសើរដល់ព្រះនៃយើងខ្ញុំថា ទ្រង់ជាព្រះដ៏ធំឧត្តម
4 ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់។
5 គេបានបង្ខូចខ្លួនហើយ សេចក្ដីសៅហ្មងរបស់គេមិនមែនជារបស់ពួកកូនទ្រង់ទេ គេជាដំណមនុស្សវៀច ហើយក្រវិចក្រវៀន
6 ឱពួកមនុស្សលីលា ហើយឥតប្រាជ្ញាអើយ តើឯងរាល់គ្នាសងគុណ ដល់ព្រះយេហូវ៉ាយ៉ាងនោះឬអី តើទ្រង់មិនមែនជាព្រះវរបិតានៃឯង ដែលបានទិញឯងមកទេឬអី ទ្រង់បានបង្កើតឯង ហើយតាំងឯងឡើងផង
7 ចូរនឹកចាំពីថ្ងៃចាស់បុរាណ ចូរពិចារណាពីអស់ទាំងឆ្នាំដ៏មានជាច្រើនដំណតមក ចូរសួរឪពុកឯងចុះ គាត់នឹងសំដែងឲ្យឯងដឹង ហើយសួរពួកចាស់ទុំនៃឯងផង គេនឹងប្រាប់ដល់ឯង