3 ព្រមទាំងស្រុកខាងត្បូង និងវាលនៅច្រកភ្នំយេរីខូរ ហើយទីក្រុងលម៉ើ រហូតដល់សូអារ
4 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា នេះជាស្រុកដែលអញបានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុបថា អញនឹងឲ្យស្រុកនេះដល់ពូជឯង មើល អញបានឲ្យឯងឃើញស្រុកនេះហើយ តែមិនត្រូវឲ្យឯងចូលទៅទេ
5 ដូច្នេះម៉ូសេជាបាវបំរើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
6 ហើយទ្រង់ក៏បញ្ចុះសពនៅក្នុងច្រកភ្នំ១ នាស្រុកម៉ូអាប់ ទល់មុខនឹងបេត-ពេអរទៅ តែលុះមកដល់សព្វថ្ងៃនេះ គ្មានអ្នកណាដឹងជាផ្នូរលោកនៅឯណាឡើយ
7 កាលម៉ូសេស្លាប់ទៅនោះបានអាយុ១២០ឆ្នាំហើយ តែភ្នែកលោកមិនខ្សោយ ហើយកំឡាំងមិនបានអន់សោះ
8 ពួកកូនចៅអ៊ីស្រាអែលបានយំសោកនឹងម៉ូសេអស់៣០ថ្ងៃ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ រួចវេលាកាន់ទុក្ខនឹងម៉ូសេក៏កន្លងផុតទៅ។
9 ឯយ៉ូស្វេ ជាកូននុន លោកមានចិត្តពេញដោយប្រាជ្ញា ពីព្រោះម៉ូសេបានដាក់ដៃលើលោក ហើយពួកកូនចៅអ៊ីស្រាអែលក៏ស្តាប់តាម ព្រមទាំងធ្វើដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ