26 នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះ ជាមិនខាន និងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ
27 ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯងរាល់គ្នាទៅ ឲ្យនៅគ្រប់ទាំងសាសន៍ ឯងនឹងនៅមានតែគ្នាតិច ក្នុងគ្រប់ទាំងនគរ ដែលព្រះយេហូវ៉ា និងនាំឯងទៅនៅនោះ
28 ហើយនៅស្រុកទាំងនោះ ឯងនឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្មដោយដៃមនុស្ស ជារូបដែលមិនអាចនឹងមើលឃើញស្តាប់ឮ ឬទទួលអាហារ ឬដឹងក្លិនឡើយ
29 ប៉ុន្តែនៅទីនោះឯងនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃឯង ហើយនឹងឃើញទ្រង់ ក្នុងកាលដែលរកទ្រង់អស់ពីចិត្ត ហើយអស់ពីព្រលឹងឯងផង
30 កាលណាឯងកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់ឯង នោះនៅគ្រាចុងបំផុត ឯងនឹងត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់
31 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះដ៏មានសេចក្ដីមេត្តាករុណា ទ្រង់មិនខាននឹងប្រោសឯងទេ ក៏មិនបំផ្លាញឯង ឬភ្លេចសេចក្ដីសញ្ញា ដែលទ្រង់បានស្បថនឹងពួកអយ្យកោឯងឡើយ។
32 ចូរស៊ើបសួររក ពីអស់ទាំងថ្ងៃកន្លងទៅហើយដែលមានតាំងពីមុនឯងមក គឺចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ហើយពីជើងមេឃម្ខាងទៅដល់ជើងមេឃម្ខាងផង តើដែលមានការដ៏ធំយ៉ាងនេះ ឬដែលមានឮនិយាយពីការយ៉ាងនេះឬអី