32 ចូរស៊ើបសួររក ពីអស់ទាំងថ្ងៃកន្លងទៅហើយដែលមានតាំងពីមុនឯងមក គឺចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ហើយពីជើងមេឃម្ខាងទៅដល់ជើងមេឃម្ខាងផង តើដែលមានការដ៏ធំយ៉ាងនេះ ឬដែលមានឮនិយាយពីការយ៉ាងនេះឬអី
33 តើដែលមានសាសន៍ណាឮព្រះសៀងនៃព្រះ ដែលទ្រង់មានព្រះបន្ទូលពីកណ្តាលភ្លើងមក ដូចជាឯងបានឮ ហើយបានរស់នៅឬទេ
34 ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ និងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា និងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ
35 ការទាំងនោះបានសំដែងមកឲ្យឯងឃើញ ដើម្បីឲ្យឯងបានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ក្រៅពីទ្រង់ នោះគ្មានព្រះឯណាទៀតឡើយ
36 ទ្រង់ធ្វើឲ្យឯងឮព្រះសៀងទ្រង់ពីលើមេឃ ដើម្បីនឹងបង្រៀនឯង ហើយលើផែនដី ទ្រង់បានឲ្យឃើញភ្លើងដ៏ធំរបស់ទ្រង់ ឯងក៏បានឮព្រះបន្ទូលទ្រង់ចេញពីកណ្តាលភ្លើងនោះមក
37 ហើយដោយព្រោះទ្រង់បានស្រឡាញ់ពួកអយ្យកោឯង បានជាទ្រង់រើសយកពូជគេតៗមក ព្រមទាំងនាំឯងចេញពីស្រុកអេស៊ីព្ទមកនៅចំពោះទ្រង់ ដោយព្រះចេស្តាដ៏ជាធំរបស់ទ្រង់
38 ដើម្បីនឹងបណ្តេញអស់ទាំងសាសន៍ដែលធំ ហើយពូកែជាងឯង ពីមុខឯងចេញ ឲ្យបាននាំឯងចូលទៅ ប្រយោជន៍នឹងឲ្យស្រុកគេ ទុកជាមរដកដល់ឯង ដូចជាមានសព្វថ្ងៃនេះ