21 មិនត្រូវឲ្យឯងភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ទ្រង់គង់កណ្តាលពួកឯងហើយ
22 ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តេញសាសន៍ទាំងនោះ ចេញពីមុខឯងបន្តិចម្តងៗ មិនត្រូវឲ្យឯងរាល់គ្នាបំផ្លាញគេទាំងអស់ ដោយរហ័សពេកឡើយ ក្រែងសត្វព្រៃចំរើនឡើងដល់ឯងវិញ
23 ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រគល់គេមកឯង ហើយនឹងកំចាត់កំចាយគេ ដោយសេចក្ដីបាក់ភ្លូកយ៉ាងសំបើម ទាល់តែគេវិនាសបាត់អស់ទៅ
24 ហើយទ្រង់នឹងប្រគល់ពួកស្តេចគេមក ក្នុងកណ្តាប់ដៃឯងដែរ នោះឯងនឹងធ្វើឲ្យឈ្មោះគេរលាយបាត់ពីក្រោមមេឃចេញ នឹងគ្មានអ្នកណាអាចនឹងឈរនៅមុខឯងបានឡើយ ដរាបដល់ឯងបានបំផ្លាញគេអស់រលីងទៅ
25 ត្រូវឲ្យឯងដុតអស់ទាំងរូបព្រះឆ្លាក់របស់គេចេញ មិនត្រូវឲ្យស្តាយប្រាក់ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកសំរាប់ខ្លួនដែរ ក្រែងលោឯងជាប់អន្ទាក់យ៉ាងនោះ ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង
26 មិនត្រូវឲ្យឯងនាំយករបស់ដែលគួរស្អប់ខ្ពើម មកក្នុងផ្ទះឯងឡើយ ក្រែងឯងត្រឡប់ទៅជាត្រូវវិនាស ដូចរបស់ទាំងនោះដែរ ត្រូវឲ្យឯងស្អប់អស់ពីចិត្ត ហើយខ្ពើមរបស់យ៉ាងនោះឲ្យអស់ពីចិត្តដែរ ដ្បិតជារបស់ត្រូវវិនាសទៅ។