5 ត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកបង្គោលដែលសំរាប់គោរព ហើយបំផ្លាញអ្នកតា ព្រមទាំងដុតរូបឆ្លាក់របស់គេនៅក្នុងភ្លើងទៅ
6 ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានរើសយកឯង ឲ្យបានជារបស់ផងទ្រង់ លើសជាងអស់ទាំងសាសន៍ ដែលនៅផែនដីផង។
7 ព្រះយេហូវ៉ាទ្រង់មិនបានស្រឡាញ់ឯងរាល់គ្នា ឬរើសឯង ដោយព្រោះឯងមានគ្នាច្រើនជាងសាសន៍ឯទៀតនោះទេ ដ្បិតឯងរាល់គ្នាជាសាសន៍តិចជាងសាសន៍ទាំងអស់
8 គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់ឯងរាល់គ្នាវិញ ហើយដោយព្រោះទ្រង់ចង់កាន់តាមសេចក្ដីសម្បថដែលទ្រង់បានស្បថ និងពួកអយ្យកោឯង បានជាទ្រង់នាំឯងចេញមក ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយបានលោះឯងពីផ្ទះពួកបាវបំរើ គឺពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក
9 ដូច្នេះចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា ហើយនឹងសេចក្ដីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់
10 ហើយទ្រង់ក៏សងដល់ពួកអ្នកដែលស្អប់ទ្រង់នៅប្រទល់មុខគេ ដើម្បីនឹងបំផ្លាញគេចេញ ទ្រង់មិនបង្អង់ដល់អ្នកណាដែលស្អប់ទ្រង់ឡើយ គឺទ្រង់នឹងសងគេនៅប្រទល់មុខវិញ
11 ដូច្នេះត្រូវឲ្យឯងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មាន ដែលអញបង្គាប់ឯងនៅថ្ងៃនេះ ដើម្បីនឹងប្រព្រឹត្តតាមចុះ។