6 នៅគ្រានោះ គ្មានស្តេចណាសោយរាជ្យ នៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ មនុស្សទាំងឡាយ គេតែងតែប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ។
7 រីឯនៅក្រុងបេថ្លេហិម ស្រុកយូដា នោះមានមនុស្សកំឡោះម្នាក់ក្នុងគ្រួយូដា ដែលជាពួកលេវី គាត់មានទីលំនៅអាស្រ័យនៅទីនោះ
8 គាត់ក៏ចេញពីបេថ្លេហិម នៅស្រុកយូដានោះ ដើម្បីនឹងទៅស្នាក់នៅទីណាដែលរកបាន កំពុងដែលធ្វើដំណើរទៅ នោះក៏មកដល់ផ្ទះមីកា នៅស្រុកភ្នំអេប្រាអិម
9 មីកាសួរគាត់ថា អ្នកមកពីណា គាត់ឆ្លើយថា ខ្ញុំជាពួកលេវី ពីបេថ្លេហិម ស្រុកយូដា ខ្ញុំស្វែងរកទីណាដែលខ្ញុំនឹងស្នាក់នៅបាន
10 នោះមីកាឆ្លើយតបថា ដូច្នេះ ចូរនៅជាមួយនឹងខ្ញុំ ធ្វើជាឪពុកហើយជាសង្ឃដល់ខ្ញុំចុះ ខ្ញុំនឹងបើកប្រាក់ឲ្យ១០ដួងក្នុង១ឆ្នាំ ព្រមទាំងសំលៀកបំពាក់១សំរាប់ ហើយបាយផង ដូច្នេះ អ្នកនោះក៏ចូលទៅ
11 ហើយសុខចិត្តនៅជាមួយនឹងមីកា ដែលរាប់គាត់ ទុកដូចជាកូនខ្លួនបង្កើតណាមួយ
12 មីកាក៏ញែកចេញទុកជាសង្ឃដល់ខ្លួន ហើយគាត់នៅក្នុងផ្ទះមីកាទៅ