27 រួចគេទូលសួរដល់ព្រះយេហូវ៉ា (ដ្បិតក្នុងគ្រានោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះក៏នៅទីនោះ
28 ហើយភីនេហាសជាកូនអេលាសារ ជាពូជអើរ៉ុន លោកឈរនៅមុខហឹបនៅជាន់នោះដែរ) គឺគេសួរថា តើត្រូវឲ្យទូលបង្គំចេញទៅតតាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនទូលបង្គំម្តងទៀតឬត្រូវឈប់វិញ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែកនេះ អញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ។
29 ពួកអ៊ីស្រាអែលគេបង្កប់ទ័ព នៅព័ទ្ធជុំវិញគីបៀរ
30 រួចឡើងទៅទាស់នឹងពួកបេនយ៉ាមីន នៅថ្ងៃទី៣ទៀត គេដំរៀបទ័ពទាស់នឹងគីបៀរដូចកាលជាន់មុន
31 ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញមកតតាំងគ្នា ហើយត្រូវប្រទាញទៅឃ្លាតឆ្ងាយពីទីក្រុង គេចាប់តាំងសំឡាប់ពួកអ៊ីស្រាអែល ដូចជាសព្វ១ដង ទាំងអស់ចំនួនប្រហែលជា៣០នាក់ គឺតាមផ្លូវដែលឡើងទៅឯបេត-អែល១ និងផ្លូវដែលទៅឯគីបៀរ១ ព្រមទាំងនៅវាលផង
32 ដូច្នេះពួកកូនចៅបេនយ៉ាមីននិយាយគ្នាថា យើងវាយសំឡាប់គេបានដូចជាន់មុនទៀត តែពួកកូនចៅអ៊ីស្រាអែលនិយាយប្រាប់គ្នាថា ចូរយើងរត់នាំប្រទាញគេមកក្នុងផ្លូវឃ្លាតឆ្ងាយពីទីក្រុងទៅ
33 នោះពួកអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ងើបពីកន្លែងរៀងខ្លួនទៅដំរៀបទ័ពនៅត្រង់បាល-តាម៉ារ ឯពួកទ័ពបង្កប់របស់ពួកអ៊ីស្រាអែល ក៏ស្ទុះចេញពីកន្លែងគេ នៅត្រង់វាលស្មៅគីបៀរដែរ