ចៅហ្វាយ 6:12-18 KHOV

12 ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង

13 តែ​គេឌាន​ឆ្លើយ​ឡើង​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បើ​សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពួក​ទូល‌បង្គំ​ពិត នោះ​ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​ពួក​ទូល‌បង្គំ​ដូច្នេះ ឯ​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ដែល​ពួក​អយ្យកោ​បាន​ថ្លែង​ប្រាប់​ត​មក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក តើ​ការ​ទាំង​នោះ​នៅ​ឯ​ណា ដ្បិត​ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​ទូល‌បង្គំ ព្រម​ទាំង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ហើយ

14 នោះ​ព្រះ‌យេហូវ៉ាទ្រង់​ទត​មើល​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​ទៅ​ដោយ‌សារ​កំឡាំង​ឯង​នេះ ហើយ​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ចុះ អញ​បាន​ចាត់​ឯង​ឲ្យ​ទៅ​ហើយ

15 រួច​លោក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល‌បង្គំ​ជួយ​សង្គ្រោះ ដល់​សាសន៍​អ៊ីស្រា‌អែល​បាន មើល ទូល‌បង្គំ​ជា​គ្រួ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូល‌បង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូល‌បង្គំ​ផង

16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ឯង​នឹង​វាយ​សាសន៍​ម៉ាឌាន​ដូច​ជា​វាយ​ដល់​មនុស្ស​តែ​ម្នាក់

17 លោក​ទូល​ថា បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​សូម​ទ្រង់​សំដែង​ទី​សំគាល់​ឲ្យ​ទូល‌បង្គំ​បាន​ដឹង​ផង ថា​គឺ​ទ្រង់​ហើយ​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ពិត​មែន

18 សូម​ទ្រង់​កុំ​ថយ​ចេញ​ពី​ទី​នេះ​ឡើយ ដរាប​ដល់​ទូល‌បង្គំ​ទៅ​នាំ​យក​ដង្វាយ​របស់​ទូល‌បង្គំ មក​ថ្វាយ​នៅ​ចំពោះ​ទ្រង់​សិន ទ្រង់​ក៏​ទទួល​ថា អញ​នឹង​ចាំ​ទាល់​តែ​ឯង​មក​វិញ។