ជនគណនា 8:15-21 KHOV

15 ក្រោយ​នោះ​មក គេ​ត្រូវ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​សំអាត​គេ ហើយ​ថ្វាយ​គេ​ជា​ដង្វាយ​ចុះ

16 ដ្បិត​បាន​ថ្វាយ​គេ​មក​ដាច់​ជា​របស់​ផង​អញ ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ អញ​ក៏​បាន​ទទួល​គេ​ស្នង​អស់​ទាំង​កូន ដែល​កើត​ពី​ពោះ​ម្តាយ​មុន​គេ​បង្អស់ គឺ​ស្នង​អស់​ទាំង​កូន​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

17 ដ្បិត​អស់​ទាំង​កូន​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​របស់​ផង​អញ ទោះ​ទាំង​មនុស្ស​ទាំង​សត្វ​ផង គឺ​នៅ​ថ្ងៃ​ដែល​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​គេ​ចេញ ទុក​សំរាប់​អញ​ហើយ

18 តែ​អញ​បាន​យក​ពួក​លេវី ស្នង​អស់​ទាំង​កូន​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ

19 ហើយ​បាន​យក​ពួក​លេវី ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដល់​អើរ៉ុន និង​ពួក​កូន​លោក ដើម្បី​នឹង​ទទួល​ក្រសួង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក្នុង​ត្រសាល​ជំនុំ ហើយ​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង ដើម្បី​កុំ​ឲ្យ​គេ​កើត​មាន​សេចក្ដី​វេទនា​ណា ក្នុង​កាល​ដែល​គេ​ចូល​ទៅ​ជិត​ទី​បរិសុទ្ធ​នោះ​ឡើយ។

20 ឯ​ម៉ូសេ និង​អើរ៉ុន ហើយ​ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ធ្វើ​ដល់​ពួក​លេវី តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពី​ដំណើរ​គេ គឺ​បាន​ធ្វើ​សំរេច​តាម​បង្គាប់​នោះ​ឯង

21 ពួក​លេវី​គេ​សំអាត​ខ្លួន ព្រម​ទាំង​បោក​សំលៀក‌បំពាក់​របស់​គេ​ផង រួច​អើរ៉ុន​ក៏​ថ្វាយ​គេ​ជា​ដង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​ធ្វើ​ឲ្យ​ធួន​នឹង​គេ ដើម្បី​ឲ្យ​គេ​បាន​ស្អាត