21 ត្រូវឲ្យឯងរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចដល់ព្រះក្នុងពួកជន ជាមនុស្សទៀងត្រង់ដែលស្អប់ការសំណូក ហើយត្រូវតាំងមនុស្សទាំងនោះឡើង ឲ្យត្រួតត្រាលើជនទាំងឡាយ ឲ្យគេធ្វើជាមេលើមនុស្ស១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ផង
22 ឲ្យអ្នកទាំងនោះជំនុំជំរះពួកជនជាដរាប ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់ឯង តែបើជារឿងតូចៗទេ ត្រូវឲ្យគេកាត់សេចក្ដីដោយខ្លួនគេចុះ នោះឯងនឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងបានជាជំនួយដល់ឯង
23 បើឯងព្រមធ្វើដូច្នោះ ហើយព្រះទ្រង់ក៏បង្គាប់ផង នោះឯងនឹងនៅស្ថិតស្ថេរបាន ហើយបណ្តាជននេះនឹងបានទៅដល់កន្លែងគេដោយសុខសាន្តទាំងអស់គ្នាដែរ។
24 ម៉ូសេលោកក៏ស្តាប់តាមឪពុកក្មេក ហើយធ្វើតាមពាក្យលោកថាទាំងប៉ុន្មាន
25 គឺលោករើសយកមនុស្ស ដែលប៉ិនប្រសប់ក្នុងពួកអ៊ីស្រាអែលទាំងអស់ តាំងឡើងឲ្យធ្វើជាមេត្រួតត្រាលើបណ្តាជនទាំងឡាយ ជាមេលើមនុស្ស១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ដូច្នោះ
26 អ្នកទាំងនោះក៏ជំនុំជំរះពួកជនជាដរាបទៅ គេនាំអស់ទាំងរឿងរ៉ាវណាដែលពិបាកៗមកដល់ម៉ូសេ តែអស់ទាំងរឿងរ៉ាវណាដែលតូចៗ នោះគេកាត់សេចក្ដីដោយខ្លួនគេវិញ
27 រួចម៉ូសេបញ្ជូនឲ្យឪពុកក្មេកទៅ នោះលោកក៏ត្រឡប់ទៅស្រុកវិញ។