2 មេទ័ពធំក៏យកយេរេមាមកនិយាយថា ព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់បានប្រកាសសេចក្តីអាក្រក់នេះទំលាក់លើទីនេះ
3 ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសំរេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា
4 ដូច្នេះមើល នៅថ្ងៃនេះខ្ញុំដោះច្រវាក់ពីដៃអ្នកចេញ បើសិនជាអ្នកចូលចិត្តទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបំរុងអ្នកដោយល្អ តែបើមិនគាប់ចិត្តនឹងទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំទេ នោះតាមតែចិត្តចុះ មើល ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតឃើញថាស្រួល ហើយគួរឲ្យអ្នកទៅ នោះឲ្យអ្នកទៅចុះ
5 រីឯកាលលោកកំពុងកន្ទះរានៅឡើយ នោះមេទ័ពធំប្រាប់ថា ចូរអ្នកវិលទៅឯកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ជាអ្នកដែលស្តេចបាប៊ីឡូនបានតាំង ឲ្យត្រួតត្រាលើទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយឲ្យនៅជាមួយនឹងលោកកណ្តាលបណ្តាជនចុះ ឬឲ្យទៅឯកន្លែងណា តាមដែលចិត្តគិតឃើញថាគួរនោះមេទ័ពធំ ក៏ចែកស្បៀងអាហារឲ្យ ព្រមទាំងឲ្យរង្វាន់រួចលែងឲ្យទៅ
6 ដូច្នេះ យេរេមាក៏ទៅឯកេដាលា ជាកូនអ័ហ៊ីកាមនៅត្រង់មីសប៉ា ហើយអាស្រ័យនៅជាមួយ នៅកណ្តាលបណ្តាជនដែលសល់នៅក្នុងស្រុក។
7 រីឯពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចំការ ព្រមទាំងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ជាកូនអ័ហ៊ីកាមឡើងជាចៅហ្វាយលើស្រុក ហើយបានផ្ទុកផ្តាក់មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេងជាអ្នកក្រីក្របំផុតក្នុងស្រុក ដែលមិនបានដឹកទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន ឲ្យនៅក្នុងអំណាចលោក
8 នោះគេក៏មកឯកេដាលា ត្រង់មីសប៉ា គឺមានអ៊ីសម៉ាអែល ជាកូននេថានា យ៉ូហាណាន និងយ៉ូណាថានជាកូនការា សេរ៉ាយ៉ា ជាកូនថានហ៊ូមែត និងពួកកូនរបស់អេផាយ ពីស្រុកនថូផា ហើយយេសានា ជាកូនរបស់ម្នាក់នៅម៉ាកាធី ព្រមទាំងពួកទាហានរបស់គេផង