30 ហេតុនោះ ពួកកំឡោះៗរបស់គេនឹងដួលចុះ នៅក្នុងផ្លូវ ហើយអស់ទាំងមនុស្សថ្នឹកច្បាំងរបស់គេ នឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
31 ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អ្នកឆ្មើងឆ្មៃយ៉ាងខ្លាំងអើយ អញទាស់នឹងឯង ដ្បិតថ្ងៃកំណត់របស់ឯងបានមកដល់ហើយ គឺជាវេលាដែលអញនឹងធ្វើទោសដល់ឯង
32 នោះអ្នកឆ្មើងឆ្មៃនឹងចំពប់ដួល ឥតមានអ្នកណាលើកឡើងវិញឡើយ អញនឹងបង្កាត់ភ្លើង នៅអស់ទាំងទីក្រុងរបស់គេ ហើយភ្លើងនោះនឹងឆេះគ្រប់ទាំងអស់ដែលនៅជុំវិញគេផង។
33 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា ត្រូវគេសង្កត់សង្កិនជាមួយគ្នា ពួកអ្នកទាំងប៉ុន្មានដែលចាប់គេនាំទៅជាឈ្លើយ នោះក៏ឃុំឃាំងគេជាប់នៅ មិនព្រមលែងចេញទេ
34 ឯព្រះដ៏ប្រោសលោះគេ ទ្រង់មានឥទ្ធិឫទ្ធិ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងកាន់ក្តីគេ ដើម្បីនឹងប្រោសឲ្យផែនដីបានសេចក្តីស្រាកស្រាន្ត ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្នវិញ
35 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា មានដាវមកលើពួកខាល់ដេ និងលើពួកអ្នកនៅក្រុងបាប៊ីឡូន លើពួកចៅហ្វាយ និងពួកអ្នកប្រាជ្ញរបស់គេផង
36 មានដាវមកលើពួកភូតភរ គេនឹងត្រឡប់ជាវិងស៊ុងស្មារតី មានដាវមកលើពួកខ្លាំងពូកែរបស់គេ ហើយពួកនោះនឹងភ័យស្លុតទៅ