សាការី 9:12-17 KHOV

12 ឱ​ពួក​អ្នក​ជាប់​គុក ដែល​មាន​សេចក្ដី​សង្ឃឹម​អើយ ចូរ​វិល​មក​ឯ​ទី​មាំ‌មួន​ចុះ នៅ​ថ្ងៃ​នេះ​ឯង អញ​ប្រកាស​ថា អញ​នឹង​សង​ឯង​១​ជា​២

13 ដ្បិត​អញ​បាន​ដំឡើង​យូដា​ដូច​ជា​ធ្នូ ហើយ​ដាក់​អេប្រា‌អិម​នៅ​ធ្នូ អញ​ទុក​ដូច​ជា​ព្រួញ ឱ​ស៊ីយ៉ូន​អើយ អញ​នឹង​ដាស់‌តឿន​កូន​ប្រុស​របស់​ឯង ឲ្យ​ទាស់​នឹង​កូន​ប្រុស​របស់​សាសន៍​ក្រេក ហើយ​នឹង​ធ្វើ​ឲ្យ​ឯង បាន​ដូច​ជា​ដាវ​របស់​មនុស្ស​ខ្លាំង​ពូកែ

14 គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​ឯង ព្រួញ​ទ្រង់​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ផ្លុំ​ត្រែ ក៏​នឹង​ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង

15 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ការ‌ពារ​គេ គេ​នឹង​លេប​បំបាត់ ហើយ​ឈ្នះ​គ្រាប់​ក្រួស​ដែល​បាញ់​មក គេ​នឹង​ផឹក ហើយ​ធ្វើ​សូរ‌សព្ទ ដូច​ជា​សូរ​ដែល​កើត​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​នឹង​បាន​ពេញ​ដូច​ជា​ចាន គឺ​ជា​ចាន​នៅ​ជ្រុង​អាសនា

16 នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ទ្រង់​នឹង​ជួយ​សង្គ្រោះ​គេ ទុក​ដូច​ជា​ហ្វូង​ចៀម ជា​រាស្ត្រ​របស់​ទ្រង់ ដ្បិត​គេ​នឹង​បាន​ដូច​ជា​ត្បូង​ដាំ​នៅ​មកុដ​ដែល​ភ្លឺ​ផ្លេក នៅ​លើ​ស្រុក​របស់​ទ្រង់

17 ដ្បិត​សេចក្ដី​ចំរើន​របស់​គេ​ធំ​ណាស់​ហ្ន៎ ហើយ​សេចក្ដី​លំអ​របស់​គេ​ក៏​ខ្លាំង‌ក្លា​ណាស់​ហ្ន៎ ឯ​ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​កំឡោះៗ​ចំរើន​កំឡាំង​ឡើង ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ​ឲ្យ​ពួក​ក្រមុំៗ​បាន​ចំរើន​ដូច​គ្នា។