2 រួចកាលកណ្តូបទាំងនោះបានស៊ីស្មៅ នៅក្នុងស្រុកអស់ទៅ នោះខ្ញុំក៏ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យទ្រង់អត់ទោស ធ្វើដូចម្តេចឲ្យពួកយ៉ាកុបស្ថិតស្ថេរនៅបាន ដ្បិតគេជាពួកតិចតួចទេ
3 ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយព្រះបន្ទូលថា ការនេះមិនត្រូវធ្វើឡើយ។
4 ព្រះអម្ចាស់យេហូវ៉ាទ្រង់ក៏បង្ហាញការយ៉ាងនេះទៀតដល់ខ្ញុំ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ប្រកាសប្រាប់ឲ្យមានការផ្ចាញ់ផ្ចាលដោយភ្លើង នោះភ្លើងក៏ឆេះទាំងទីជំរៅដ៏ធំ ក៏បំរុងនឹងស៊ីស្រុកទាំងមូលផង
5 ខណៈនោះ ខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យទ្រង់ឈប់ ធ្វើដូចម្តេចឲ្យយ៉ាកុបស្ថិតស្ថេរនៅបាន ដ្បិតគេជាពួកតិចតួចទេ
6 ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយព្រះបន្ទូលថា ការនេះក៏មិនត្រូវធ្វើដែរ។
7 រួចទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ឈរលើកំផែង ដែលធ្វើដំរង់ដោយកូនតឹង ទ្រង់ក៏កាន់ខ្សែកូនតឹង១នៅព្រះហស្តដែរ
8 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អេម៉ុសអើយ តើឯងឃើញអ្វី ខ្ញុំទូលតបថា ឃើញខ្សែកូនតឹង រួចព្រះអម្ចាស់មានព្រះបន្ទូលថា មើល អញនឹងឲ្យមានខ្សែកូនតឹងនៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ នោះអញនឹងមិនដើរបង្ហួសពីគេទៀតឡើយ