អេសាយ 11:1-7 KHOV

1 មាន​លំពង់​១​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​១ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ

2 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា និង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា

3 អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​ជំនុំ‌ជំរះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្ដី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ

4 គឺ​នឹង​ជំនុំ‌ជំរះ​ពួក​ទ័ល‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សំរេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង

5 សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែ​ក្រវាត់​ចង្កេះ​របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះ‌ត្រង់​ជា​ខ្សែ​ក្រវាត់​កំឡាំង​ផង។

6 នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លា‌រខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​អ្នក​គង្វាល​វា

7 គោ​ញី និង​ខ្លា‌ឃ្មុំ​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា​មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ