27 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានសំរេចនឹងធ្វើហើយ តើអ្នកណានឹងរំលប់រំលាងបាន ព្រះហស្តនៃទ្រង់បានលូកទៅហើយ តើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាន។
28 នៅឆ្នាំដែលស្តេចអេហាសសុគតទៅ នោះមានសេចក្ដីទំនាយយ៉ាងធ្ងន់នេះ
29 គឺថា នែ ពួកភីលីស្ទីនអើយ កុំឲ្យរីករាយពេញល្បុង ដោយព្រោះរំពាត់ដែលធ្លាប់វាយឯងបានចាក់ហើយនោះឡើយ ដ្បិតនឹងកើតមានពស់វែកចេញពីពូជសត្វពស់មក ហើយកូនរបស់វានឹងទៅជាពស់ភ្លើងហោះ
30 នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រនឹងមានអាហារបរិភោគ ហើយមនុស្សកំសត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែអញនឹងធ្វើឲ្យពូជពង្សឯងស្លាប់ទៅដោយអំណត់អត់វិញ ហើយសំណល់នៃឯងនឹងត្រូវគេសំឡាប់បង់
31 ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរយំពិលាបចុះ ឱស្រុកភីលីស្ទីនអើយ ឯងត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ
32 ដូច្នេះ តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះយ៉ាងណាទៅ គឺត្រូវថា ព្រះយេហូវ៉ាទ្រង់បានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួករាស្ត្ររបស់ទ្រង់ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។