1 នេះសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកអេស៊ីព្ទ។ មើល ព្រះយេហូវ៉ាទ្រង់គង់លើពពកយ៉ាងលឿនយាងមកឯស្រុកអេស៊ីព្ទ អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទនឹងញាប់ញ័រនៅចំពោះទ្រង់ ហើយចិត្តពួកសាសន៍អេស៊ីព្ទនឹងរលត់ទៅនៅក្នុងខ្លួនគេ
2 អញក៏នឹងញុះញង់ពួកសាសន៍អេស៊ីព្ទឲ្យទាស់ទែងនឹងគ្នាឯងដែរ គេនឹងច្បាំងគ្នានឹងគ្នា គឺបងប្អូននឹងបងប្អូន ពួកអ្នកជិតខាងនឹងអ្នកជិតខាង ទីក្រុង១នឹងទីក្រុង១ទៀត ហើយនគរ១នឹងនគរ១ទៀតដែរ
3 គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្តាលគេ ហើយអញនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ
4 ហើយអញនឹងប្រគល់សាសន៍អេស៊ីព្ទទៅក្នុងកណ្តាប់ដៃនៃម្ចាស់១យ៉ាងសាហាវ ជាស្តេចគួរស្ញែងខ្លាចដែលនឹងសោយរាជ្យលើគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ។
5 ឯទឹកក្នុងសមុទ្រ នោះនឹងរីងស្ងួតទៅ ហើយទន្លេនឹងជ្រាបបាត់ទៅជាហួតហែងវិញ
6 ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីព្ទនឹងអន់ថយ ហើយរីងស្ងួតទៅ ឯដើមបបុស និងដើមត្រែងនឹងស្វិតក្រៀម