អេសាយ 28:14-20 KHOV

14 ដូច្នេះ ឱ​ពួក​ចំអក​ឡក‌ឡឺយ ដែល​គ្រង​លើ​បណ្តា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

15 ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្ដី​ស្លាប់ ក៏​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្ដី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ពី​ព្រោះ​យើង​បាន​ពឹង‌ពាក់​ដល់​សេចក្ដី​កុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្ដី​ភូត‌ភរ

16 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ដាក់​ថ្ម​១​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង‌ល​ហើយ ជា​ថ្ម​ទី​ជ្រុង​ដ៏​មាន​ដំឡៃ​ដែល​បាន​ដាក់​យ៉ាង​មាំ‌មួន ឯ​អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួស‌រាន់​ឡើយ

17 អញ​នឹង​យក​សេចក្ដី​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​នឹង​សេចក្ដី​សុចរិត​ជា​កូន​តឹង រួច​ព្យុះ​ព្រិល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូត‌ភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង លិច​ទី​ពំនួន​បង់

18 នោះ​សេចក្ដី​សញ្ញា​ដែល​ឯង​រាល់​គ្នា​បាន​តាំង​នឹង​សេចក្ដី​ស្លាប់ ក៏​នឹង​ត្រូវ​លើក​ចោល​ចេញ ហើយ​ការ​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​មិន​ស្ថិត‌ស្ថេរ​នៅ​ដែរ ដូច្នេះ កាល​ណា​សេចក្ដី​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ញាំ‌ញី​ទៅ

19 សេចក្ដី​អន្តរាយ​នោះ​ហូរ​កាត់​មក​វេលា​ណា ក៏​នឹង​កៀរ​យក​អ្នក​រាល់​គ្នា​ទៅ​តែ​ម្តង ដ្បិត​រាល់​តែ​ព្រឹក​នឹង​ហូរ​កាត់​មក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង ការ​ដែល​គ្រាន់​តែ​ឮ​ដំណឹង នោះ​នឹង​បាន​ជា​សេចក្ដី​គួរ​ស្ញែង‌ខ្លាច​ហើយ

20 ដ្បិត​គ្រែ​ខ្លី​ពេក នឹង​ដេក​សណ្តូក​ខ្លួន​មិន​បាន ហើយ​ផួយ​ក៏​តូច​ផង មិន​ល្មម​នឹង​ដណ្តប់​ខ្លួន​ដែរ