អេសាយ 3:5-11 KHOV

5 បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ត្រូវ​សង្កត់‌សង្កិន គឺ​អ្នក​១​នឹង​សង្កត់‌សង្កិន​១​ទៀត ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង ពួក​ក្មេងៗ​នឹង​ប្រព្រឹត្ត​ព្រហើន​ចំពោះ​ចាស់​ព្រឹទ្ធា‌ចារ្យ ហើយ​មនុស្ស​ជាន់​ទាប​នៅ​ចំពោះ​មនុស្ស​ជាន់​ខ្ពស់​ដែរ

6 កាល​ណា​មនុស្ស​ម្នាក់​នឹង​យក​បង​ប្អូន​ពី​ក្នុង​គ្រួ​របស់​ឪពុក​ខ្លួន​មក​និយាយ​ថា អ្នក​ឯង​មាន​សំលៀក‌បំពាក់ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ទៅ សូម​ឲ្យ​ស្រុក​ខ្ទេច‌ខ្ទី​នេះ​នៅ​ក្រោម​អំណាច​អ្នក​ចុះ

7 នៅ​គ្រា​នោះ​គេ​នឹង​ប្រកែក​ថា ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​មើល​ឲ្យ​ជា​ទេ ពី​ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​គ្មាន​អាហារ ឬ​សំលៀក‌បំពាក់​អ្វី​ឡើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​តាំង​ខ្ញុំ​ឡើង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​បណ្តា‌ជន​ទេ

8 ដ្បិត​ក្រុង​យេរូ‌សាឡិម​ខ្ទេច‌ខ្ទី​ហើយ ស្រុក​យូដា​ក៏​បាន​ដួល​ដែរ ដោយ​ព្រោះ​អណ្តាត​គេ ហើយ​នឹង​អំពើ​របស់​គេ ដែល​សុទ្ធ​តែ​បង្អុច‌បង្អាល​ដល់​ព្រះ‌នេត្រ​ដ៏​មាន​សិរី​នៃ​ព្រះ‌យេហូវ៉ា

9 ភាព​នៃ​ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ​ចេញ ដូច​ជា​ក្រុង​សូដុំម គេ​មិន​ខំ​បិទ​បាំង​ទេ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ

10 ចូរ​ថ្លែង​ប្រាប់​ថា​មនុស្ស​សុចរិត​នឹង​បាន​សេចក្ដី​សុខ​វិញ ដ្បិត​គេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត

11 វេទនា​ដល់​មនុស្ស​អាក្រក់​គេ​នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ​នឹង​បាន​សង​ដល់​គេ​វិញ