1 លុះកាលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ រួចយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
2 ទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស
3 គេក៏ជំរាបដល់លោកថា ហេសេគាទ្រង់មានព្រះបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំនៀល ប្រៀបដូចជាកូនដែលគ្រប់ខែ តែគ្មានកំឡាំងនឹងសំរាលមកសោះ
4 ប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់នឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយទ្រង់នឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់បានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ។
5 ពួកជំនិតរបស់ស្តេចហេសេគា ក៏មកឯអេសាយ
6 ហើយអេសាយលោកមានប្រសាសន៍ថា ត្រូវឲ្យអ្នករាល់គ្នាទូលដល់ចៅហ្វាយអ្នកថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យខ្លាចចំពោះពាក្យសំដីដែលឯងបានឮ ជាពាក្យដែលពួកបំរើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់អញនោះឡើយ