1 ព្រះនៃឯងរាល់គ្នា ទ្រង់មានព្រះបន្ទូលថា ចូរកំសាន្តទុក្ខ ចូរកំសាន្តទុក្ខរាស្ត្រអញចុះ
2 ត្រូវឲ្យលួងលោមចិត្តនៃក្រុងយេរូសាឡិម ហើយស្រែកប្រាប់គេថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានសំរេចហើយ អំពើទុច្ចរិតរបស់គេក៏បានអត់ទោសឲ្យ ហើយគេបានទទួលសំណង១ជា២ពីព្រះហស្តនៃព្រះយេហូវ៉ា ឲ្យស្នងនឹងអំពើបាបគេដែរ។
3 មានឮសំឡេង១កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវសំរាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ
4 ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ
5 នោះសិរីល្អនៃព្រះយេហូវ៉ានឹងសំដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
6 មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល
7 ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ