8 កុំឲ្យភ័យឡើយ ក៏កុំឲ្យខ្លាចដែរ តើអញមិនបានប្រាប់ ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬ គឺឯរាល់គ្នាជាស្មរបន្ទាល់របស់អញ តើមានព្រះណាក្រៅពីអញឬទេ អើ គ្មានថ្មដាណាទៀតឡើយ អញមិនស្គាល់ណាមួយសោះ។
9 ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គេសុទ្ធតែអសារឥតការទាំងអស់ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវមានសេចក្ដីខ្មាស
10 តើអ្នកណានឹងសូនធ្វើព្រះ ឬសិតធ្វើរូបដែលឥតមានប្រយោជន៍ដូច្នេះ
11 មើល ពួកអ្នកដែលគោរពតាម នឹងត្រូវខ្មាសទាំងអស់ដែរ ហើយពួកជាង នោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ ឲ្យគេប្រជុំគ្នា រួចឈរឡើងចុះ គេនឹងត្រូវភ័យ ហើយមានសេចក្ដីខ្មាសទាំងអស់គ្នា។
12 ឯជាងដែក គាត់ធ្វើពូថៅ១ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកំឡាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កំឡាំង គាត់មិនបានផឹកទឹក ហើយក៏ហេវទៅ
13 ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលំអរបស់មនុស្ស ដើម្បីនឹងតាំងនៅក្នុងផ្ទះ
14 គាត់កាប់ដើមតាត្រៅ១ ក៏យកដើមចន្ទន៍ ក្រឹស្នា និងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង