អេសាយ 48:13-19 KHOV

13 អើ ដៃ​អញ​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​អញ​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​អញ​ហៅ នោះ​ទាំង​២​ក៏​ឈរ​ឡើង​ជា​មួយ​គ្នា

14 ចូរ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ទាំង​អស់ ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ​តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់​ពី​ការ​ទាំង​នេះ​ឬ អ្នក​១​នោះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ គេ​នឹង​សំរេច​ដល់​ក្រុង​បាប៊ី‌ឡូន តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ

15 អញ គឺ​អញ​នេះ​ហើយ អញ​បាន​ពោល អើ អញ​បាន​ហៅ​គេ អញ​បាន​នាំ​គេ​មក ហើយ​គេ​នឹង​បញ្ជឿន​ការ​ខ្លួន​ឲ្យ​កើត​ឡើង​ផង

16 ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចូល​មក​ជិត​អញ ហើយ​ស្តាប់​សេចក្ដី​នេះ​ចុះ តាំង​តែ​ពី​ដើម​ដំបូង​មក អញ​មិន​បាន​និយាយ​ដោយ​សំងាត់​ទេ តាំង​ពី​ការ​នោះ​ចាប់​ផ្តើម​កើត​ឡើង នោះ​អញ​ក៏​មាន​នៅ​ហើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ចាត់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ‌វិញ្ញាណ​ទ្រង់​ឲ្យ​មក។

17 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ

18 ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ

19 ឯ​ពូជ‌ពង្ស​ឯង​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​ឯង​មក នោះ​នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឯ​ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​អញ​ឡើយ។