1 នៅឆ្នាំដែលស្តេចអ៊ូសៀសទ្រង់បានសុគត នោះខ្ញុំឃើញព្រះអម្ចាស់ទ្រង់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានដំកើងឡើង ឯរំភាយព្រះពស្ត្រទ្រង់សាយមកពេញក្នុងព្រះវិហារ
2 នៅពីលើទ្រង់មានពួកសេរភីម គ្រប់គ្នាមានស្លាប៦ ក៏បាំងមុខដោយស្លាប២ បាំងជើងដោយស្លាប២ ហើយប្រើ២សំរាប់ហើរ
3 មួយបន្លឺទៅកាន់១ថា បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់
4 ក្របទ្វារក៏ញ័រ ដោយសូរសំឡេងនៃសេរភីមដែលបន្លឺនោះ ហើយព្រះវិហារបានពេញទៅដោយផ្សែង
5 នោះខ្ញុំពោលថា វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ