10 ពួកសាសន៍ដទៃនឹងសង់កំផែងឯងឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់ឯង ដ្បិតទោះបើអញបានវាយឯងក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ គង់តែអញបានអាណិតដល់ឯង ក្នុងគ្រាដែលផ្តល់ព្រះគុណវិញ
11 ទ្វារកំផែងរបស់ឯងនឹងនៅចំហជានិច្ច ឥតដែលបិទទាំងយប់ទាំងថ្ងៃឡើយ ដើម្បីឲ្យមនុស្សបាននាំយកទ្រព្យសម្បត្តិរបស់សាសន៍ទាំងប៉ុន្មានមកឯឯង ព្រមទាំងដឹកនាំស្តេចរបស់គេមកជាឈ្លើយផង
12 ដ្បិតសាសន៍ណា និងនគរណាដែលមិនព្រមគោរពដល់ឯង នោះនឹងត្រូវវិនាស អើ សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង
13 សេចក្ដីលំអនៃព្រៃល្បាណូននឹងមកឯឯង គឺជាឈើកកោះ ឈើស្រល់ និងឈើស្រឡៅផង ដើម្បីនឹងតុបតែងកន្លែងនៃទីបរិសុទ្ធរបស់អញ ហើយអញនឹងធ្វើឲ្យទីនៃជើងអញបានរុងរឿងឧត្តម
14 ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនឯង គេនឹងមកទាំងអោនក្រាបនៅចំពោះឯង ហើយអស់អ្នកណាដែលធ្លាប់មើលងាយឯង គេនឹងក្រាបចុះនៅទៀបបាទជើងឯង គេនឹងហៅឯងថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
15 ទោះបើឯងបានត្រូវចោលស្ងាត់ ហើយត្រូវគេស្អប់ ដល់ម៉្លេះបានជាគ្មានមនុស្សណាដើរកាត់ឯងឡើយ គង់តែអញនឹងធ្វើឲ្យឯងបានជាទីប្រសើរ នៅអស់កល្បជានិច្ចវិញ ជាទីអំណរដល់ច្រើនដំណតទៅ
16 ឯងនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ នោះឯងនឹងដឹងថា អញនេះគឺយេហូវ៉ាជាព្រះដ៏ជួយសង្គ្រោះឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានព្រះចេស្តានៃយ៉ាកុប