6 ឱក្រុងយេរូសាឡិមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឲ្យនៅស្ងៀមឡើយ
7 ហើយកុំឲ្យទ្រង់នៅទំនេរឲ្យសោះ ដរាបដល់ទ្រង់បានតាំងក្រុងយេរូសាឡិមឡើង ឲ្យជាទីសរសើរនៅលើផែនដី
8 ព្រះយេហូវ៉ា ទ្រង់បានស្បថដោយព្រះហស្តស្តាំទ្រង់ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ទ្រង់ថា ពិតប្រាកដជាអញនឹងមិនឲ្យស្រូវរបស់ឯងទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវឯងទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលឯងបានខំធ្វើទៀតឡើយ
9 គឺពួកអ្នកដែលបានច្រូតផលនោះនឹងស៊ីវិញ ហើយគេនឹងសរសើរដល់ព្រះយេហូវ៉ា ឯពួកអ្នកដែលបានប្រមូលផ្លែនោះ គេនឹងផឹកនៅក្នុងទីលាននៃទីបរិសុទ្ធរបស់អញ។
10 ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសំរាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យ១សំរាប់ជនជាតិទាំងឡាយ
11 មើល ព្រះយេហូវ៉ាទ្រង់បានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើលសេចក្ដីសង្គ្រោះរបស់ឯងបានមកដល់ហើយ មើល ទ្រង់យករង្វាន់មកជាមួយ ហើយសំណងរបស់ទ្រង់ក៏នាំមុខទៅ
12 គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។