14 ឯងរាល់គ្នានឹងឃើញ ហើយនឹងមានសេចក្ដីអំណររីករាយក្នុងចិត្ត ឯឆ្អឹងឯងរាល់គ្នា នោះនឹងបានស្រស់ ដូចស្មៅខ្ចី ហើយព្រះហស្តនៃព្រះយេហូវ៉ានឹងសំដែងចេញ ដល់ពួកអ្នកបំរើរបស់ទ្រង់ ហើយសេចក្ដីខ្ញាល់របស់ទ្រង់ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវផង។
15 ដ្បិតមើល ព្រះយេហូវ៉ាទ្រង់នឹងយាងមកនាំទាំងភ្លើងមកជាមួយ ហើយព្រះរាជរថរបស់ទ្រង់នឹងបានដូចជាខ្យល់កួច ដើម្បីនឹងសំរេចតាមសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ និងតាមពាក្យស្តីបន្ទោសរបស់ទ្រង់ ដោយសារអណ្តាតភ្លើង
16 ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់អស់ទាំងមនុស្ស ដោយសារភ្លើងនឹងដាវរបស់ទ្រង់ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាទ្រង់ និងប្រហារជីវិត នោះនឹងមានជាច្រើន
17 ឯពួកអ្នកដែលញែកខ្លួន ហើយជំរះខ្លួនចេញ សំរាប់ការថ្វាយបង្គំនៅក្នុងសួនច្បារ ហើយគោរពដល់រូបព្រះ១នៅកណ្តាលនោះ ព្រមទាំងស៊ីសាច់ជ្រូក និងកណ្តុរជារបស់គួរខ្ពើមឆ្អើម នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អ្នកទាំងនោះនឹងត្រូវវិនាសទៅជាមួយគ្នាទាំងអស់។
18 អញស្គាល់អស់ទាំងអំពើ និងគំនិតរបស់គេហើយ នឹងមានពេលវេលាមកដល់ ដែលអញនឹងប្រមូលអស់ទាំងសាសន៍គ្រប់ភាសា គេនឹងមូលមកឃើញសិរីល្អរបស់អញ
19 អញនឹងតាំងទីសំគាល់១នៅកណ្តាលពួកគេ ហើយចាត់ពួកគេណាខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅឯស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញធ្នូ ហើយស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅឯកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិសព្ទរបស់អញ ឬឃើញសិរីល្អរបស់អញនៅឡើយ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់អញ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន
20 គេនឹងបញ្ជិះពួកបងប្អូនឯងរាល់គ្នាទាំងប៉ុន្មាន លើសេះ រទេះ អង្រឹងស្នែង លាកាត់ ហើយលើអូដ្ឋ នាំចេញពីអស់ទាំងសាសន៍មក ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ា គឺមកឯក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់អញ ដូចជាពួកកូនចៅអ៊ីស្រាអែលធ្លាប់យកដង្វាយរបស់គេ ដាក់ក្នុងភាជនៈដ៏ស្អាតមកឯព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា