3 អ្នកណាដែលសំឡាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយដង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អើអ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ
4 ឯអញ ក៏នឹងរើសសេចក្ដីទំនាស់ចិត្តឲ្យគេ ហើយនឹងនាំសេចក្ដីដែលគេស្ញែងខ្លាចមកលើគេវិញ ដ្បិតកាលអញបានហៅ នោះគ្មានអ្នកណាតបឆ្លើយសោះ កាលអញបាននិយាយ នោះគេមិនបានស្តាប់ឡើយ គឺគេបានធ្វើអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។
5 ឯងរាល់គ្នាដែលញ័រញាក់ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលទ្រង់ចុះ ពួកបងប្អូនរបស់ឯងរាល់គ្នាដែលស្អប់ឯង ជាពួកអ្នកដែលកាត់ឯងរាល់គ្នាចេញ ដោយព្រោះឈ្មោះអញ គេបានពោលថា ចូរឲ្យឯងរាល់គ្នាដំកើងព្រះយេហូវ៉ាឡើង ដើម្បីឲ្យយើងបានឃើញសេចក្ដីអំណររបស់ឯងផង ប៉ុន្តែគឺគេដែលនឹងត្រូវអៀនខ្មាសវិញ
6 មានឮសូរអឺងកងពីទីក្រុងមក ជាសំឡេងដែលចេញពីព្រះវិហារ គឺជាសៀងនៃព្រះយេហូវ៉ាដែលទ្រង់សងតបដល់ពួកខ្មាំងសត្រូវរបស់ទ្រង់។
7 មុនដែលឈឺពោះ នោះបានសំរាលកូនមក មុនដែលកើតឈឺចាប់ នោះបានបង្កើតកូនប្រុស១ហើយ
8 តើមានអ្នកណាដែលឮនិយាយពីការយ៉ាងនោះ តើអ្នកណាដែលបានឃើញឬ តើនឹងឲ្យស្រុក១កើតឡើងក្នុងថ្ងៃតែ១បានឬ តើនគរ១នឹងលេចចេញមកភ្លាម១រំពេចឬអី ដ្បិតវេលាដែលក្រុងស៊ីយ៉ូនបានឈឺចាប់ នោះក៏បានសំរាលកូនទាំងប៉ុន្មានមកភ្លាម
9 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញនឹងនាំទៅដល់កំណត់ដែលត្រូវសំរាល ឥតធ្វើឲ្យកើតមកផងឬ ព្រះនៃឯងទ្រង់ក៏មានព្រះបន្ទូលសួរថា ឯអញដែលធ្វើឲ្យកើតមក តើអញនឹងបង្ខាំងផ្ទៃឬអី។