អេសាយ 66:5-11 KHOV

5 ឯង​រាល់​គ្នា​ដែល​ញ័រ‌ញាក់ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ទ្រង់​ចុះ ពួក​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ដែល​ស្អប់​ឯង ជា​ពួក​អ្នក​ដែល​កាត់​ឯង​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​អញ គេ​បាន​ពោល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដំកើង​ព្រះ‌យេហូវ៉ា​ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​សេចក្ដី​អំណរ​របស់​ឯង​ផង ប៉ុន្តែ​គឺ​គេ​ដែល​នឹង​ត្រូវ​អៀន‌ខ្មាស​វិញ

6 មាន​ឮ​សូរ​អឺង‌កង​ពី​ទី​ក្រុង​មក ជា​សំឡេង​ដែល​ចេញ​ពី​ព្រះ‌វិហារ គឺ​ជា​សៀង​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​សង​តប​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់។

7 មុន​ដែល​ឈឺ​ពោះ នោះ​បាន​សំរាល​កូន​មក មុន​ដែល​កើត​ឈឺ​ចាប់ នោះ​បាន​បង្កើត​កូន​ប្រុស​១​ហើយ

8 តើ​មាន​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​យ៉ាង​នោះ តើ​អ្នក​ណា​ដែល​បាន​ឃើញ​ឬ តើ​នឹង​ឲ្យ​ស្រុក​១​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​១​បាន​ឬ តើ​នគរ​១​នឹង​លេច​ចេញ​មក​ភ្លាម​១​រំពេច​ឬ​អី ដ្បិត​វេលា​ដែល​ក្រុង​ស៊ីយ៉ូន​បាន​ឈឺ​ចាប់ នោះ​ក៏​បាន​សំរាល​កូន​ទាំង​ប៉ុន្មាន​មក​ភ្លាម

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​នឹង​នាំ​ទៅ​ដល់​កំណត់​ដែល​ត្រូវ​សំរាល ឥត​ធ្វើ​ឲ្យ​កើត​មក​ផង​ឬ ព្រះ​នៃ​ឯង​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​អញ​ដែល​ធ្វើ​ឲ្យ​កើត​មក តើ​អញ​នឹង​បង្ខាំង​ផ្ទៃ​ឬ​អី។

10 ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ឡើង​ជា​មួយ​នឹង​វា ហើយ​មាន​សេចក្ដី​អំណរ​ដោយ​ព្រោះ​វា​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយ​ឡើង​ដោយ​សេចក្ដី​អំណរ​ចំពោះ​វា​វិញ

11 ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កំសាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង