21 កាលណាពួកនោះចេញទៅ ពួកនេះក៏ទៅដែរ កាលណាពួកនោះឈប់នៅ ពួកនេះក៏ឈប់ដែរ ហើយកាលណាពួកនោះបានលើកឡើងផុតពីដី នោះកង់ទាំងឡាយ ក៏បានលើកឡើង អមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់តួមានជីវិត បាននៅជាប់ក្នុងកង់ដែរ។
22 នៅពីលើក្បាលនៃតួមានជីវិត នោះមានដូចជាផ្ទៃមេឃ ដែលមើលទៅដូចជាចរណៃគួរស្ញែងខ្លាច ហើយក៏លាតពីលើក្បាលតួទាំងនោះ
23 ឯក្រោមផ្ទៃមេឃ នោះមានស្លាបរបស់តួទាំងឡាយ ត្រដាងទៅត្រង់តៗគ្នា គ្រប់គ្នាមានស្លាប២ដែលបាំងខ្លួនម្ខាង ហើយស្លាប២ ដែលបាំងខ្លួនម្ខាងទៀត
24 កាលណាហោះទៅ នោះខ្ញុំឮសូរសន្ធឹកស្លាប ដូចជាសូរនៃទឹកធំ គឺដូចជាព្រះសូរសៀង នៃព្រះដ៏មានគ្រប់ព្រះចេស្តា ជាសូរគឹកកង ដូចជាសូរនៃកងទ័ព កាលណាតួទាំងនោះឈប់នៅ នោះក៏សំរបស្លាបចុះមកវិញ
25 កាលបានឈប់សំរបស្លាបចុះមកវិញហើយ នោះមានឮសំឡេងពីផ្ទៃមេឃ ដែលនៅពីលើក្បាលតួទាំងនោះ។
26 នៅពីលើផ្ទៃមេឃដែលនៅពីលើក្បាល នោះមានភាពជាបល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយនៅលើភាពដែលមើលទៅដូចជាបល្ល័ង្ក នោះឃើញមានទ្រង់ទ្រាយដូចជាមនុស្សអង្គុយនៅលើ
27 ខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ដែលមើលទៅដូចជាភ្លើង នៅខាងក្នុង ហើយនៅជុំវិញ ចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះទៅខាងលើ ហើយចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះ ចុះទៅខាងក្រោម នោះខ្ញុំឃើញភាពមើលទៅដូចភ្លើង ហើយមានរស្មីភ្លឺនៅជុំវិញអង្គនោះ