អេសេគាល 13:13-19 KHOV

13 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​រំលំ​កំផែង​នោះ ដោយ​ខ្យល់​គំហុក ក្នុង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​នឹង​មាន​ភ្លៀង​រំលា​ដោយ​សេចក្ដី​កំហឹង​របស់​អញ ព្រម​ទាំង​គ្រាប់​ព្រិល​យ៉ាង​ធំ ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ដើម្បី​នឹង​បំផ្លាញ​បង់

14 គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​រំលំ​កំផែង ដែល​ឯង​រាល់​គ្នា​បាន​បូក​ដោយ​ល្បាប់​នោះ អញ​នឹង​រលំ​ចុះ​ដល់​ដី ឲ្យ​ឫស​បាន​បើក​ឲ្យ​ឃើញ កំផែង​នោះ​នឹង​រំលំ​ចុះ ហើយ​ឯង​រាល់​គ្នា​នឹង​សាប‌សូន្យ​ទៅ នៅ​កណ្តាល​នោះ​ផង ដូច្នេះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

15 គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​សំរេច​សេចក្ដី​ក្រោធ​របស់​អញ នៅ​លើ​កំផែង​នោះ ហើយ​លើ​ពួក​អ្នក​ដែល​បាន​បូក​ដោយ​ល្បាប់​ផង​ដែរ រួច​អញ​នឹង​និយាយ​នឹង​ឯង​រាល់​គ្នា​ថា កំផែង​នោះ​មិន​មាន​ទៀត​ទេ ព្រម​ទាំង​ពួក​អ្នក​ដែល​បូក​ផង

16 គឺ​ជា​ពួក​ហោរា​របស់​សាសន៍​អ៊ីស្រា‌អែល ដែល​ទាយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម ហើយ​ឃើញ​ការ​ជាក់‌ស្តែង​ពី​សេចក្ដី​សុខ​សំរាប់​ទី​ក្រុង តែ​ឥត​មាន​សេចក្ដី​សុខ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

17 ឯ​ឯង កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ពួក​កូន​ស្រី​របស់​សាសន៍​ឯង ដែល​ទាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ ហើយ​ទាយ​ទាស់​នឹង​គេ

18 ដោយ​ពាក្យ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​ស្រីៗ​ដែល​ដេរ​កែប​កំណល់​ភ្ជាប់ នៅ​កួយ​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សំរាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ ឯង​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​សាសន៍​អញ​ដូច្នេះ នោះ​តើ​នឹង​អាច​ជួយ​សង្គ្រោះ​ព្រលឹង​គេ​ដែល​មក​ឯ​ឯង​ឲ្យ​រស់​នៅ​បាន​ឬ

19 ឯង​រាល់​គ្នា​បាន​បន្ទាប‌បន្ថោក​អញ នៅ​កណ្តាល​រាស្ត្រ​អញ ឲ្យ​តែ​បាន​ស្រូវ​ឱក​១​កំប៉ុង​ពីរ និង​ចំណិត​នំបុ័ង​តិច‌តួច​ប៉ុណ្ណោះ ដើម្បី​នឹង​សំឡាប់​ព្រលឹង​មនុស្ស​ដែល​មិន​គួរ​ស្លាប់​ទេ ហើយ​នឹង​រក្សា​ព្រលឹង​ឲ្យ​រស់​នៅ ដែល​មិន​គួរ​រស់​នៅ​វិញ ដោយ​ឯង​កុហក​ដល់​រាស្ត្រ​អញ ដែល​ស្តាប់​តាម​សេចក្ដី​កុហក​នោះ​ឬ​អី។