17 ក៏ដកដៃចេញពីអ្នកក្រីក្រ ហើយមិនបានយកការ ឬកំរៃអ្វីឡើយ គឺបានសំរេចតាមក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញទាំងប៉ុន្មាន កូននោះនឹងមិនស្លាប់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ឪពុកខ្លួនឡើយ គឺនឹងរស់នៅជាពិតវិញ
18 តែឯចំណែកឪពុកវា នោះនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនទៅ ដោយព្រោះបានសង្កត់សង្កិនយ៉ាងកំណាច ហើយបានប្លន់បងប្អូន ព្រមទាំងប្រព្រឹត្តការដែលមិនល្អផង នៅកណ្តាលសាសន៍ខ្លួនហើយ។
19 ប៉ុន្តែឯងរាល់គ្នាសួរថា ហេតុអ្វីបានជាកូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកដូច្នេះ កាលណាកូនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់ ព្រមទាំងរក្សាក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមផង នោះវានឹងរស់នៅជាពិតវិញ
20 ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះឯង ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះឯងដែរ។
21 តែឯមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាប ដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងរស់នៅជាពិត ឥតត្រូវស្លាប់ឡើយ
22 ឯអំពើរំលងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្ត នោះនឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ គឺគេនឹងរស់នៅ ដោយសេចក្ដីសុចរិតដែលខ្លួនបានប្រព្រឹត្តវិញ
23 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញមានសេចក្ដីអំណរដោយមនុស្សទុច្ចរិតស្លាប់ទៅឬ តើមិនមែនអរដោយគេបែរចេញពីផ្លូវរបស់ខ្លួនវិញមក ឲ្យបានរស់នៅវិញទេឬអី