អេសេគាល 20:40-46 KHOV

40 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ គឺ​ជា​ភ្នំ​យ៉ាង​ខ្ពស់​របស់​ស្រុក​អ៊ីស្រា‌អែល នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​គោរព​ដល់​អញ​គ្រប់​គ្នា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នៅ​ទី​នោះ​អញ​នឹង​ទទួល​គេ ហើយ​នៅ​ទី​នោះ អញ​នឹង​សុខ​ចិត្ត​ទទួល​ដង្វាយ​របស់​ឯង​រាល់​គ្នា និង​ផល​ដំបូង​ពី​ដង្វាយ​ឯង ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​ឯង​រាល់​គ្នា​ទាំង​អស់​ដែរ

41 អញ​នឹង​ទទួល​ឯង​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​អញ​បាន​នាំ​ឯង​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​ឯង​ពី​អស់​ទាំង​ស្រុក​ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ អញ​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ

42 មួយ​ទៀត​កាល​ណា​អញ​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​ហើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

43 នៅ​ក្នុង​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​អំពើ និង​កិរិយា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ជា​ការ​ដែល​នាំ​ឲ្យ​ឯង​ស្មោក‌គ្រោក នោះ​ឯង​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ធ្វើ​នោះ

44 នោះ​ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ប្រព្រឹត្ត​នឹង​ឯង ដោយ​យល់​ដល់​ឈ្មោះ​អញ មិន​មែន​តាម​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា ឬ​តាម​កិរិយា​ស្មោក‌គ្រោក​របស់​ឯង​នោះ​ទេ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

45 នោះ​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

46 កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ទៅ​ខាង​ត្បូង ហើយ​ពោល​ទៅ​ខាង​ត្បូង​នោះ ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​ព្រៃ​នៅ​វាល​ស្រុក​ត្បូង​ចុះ