42 នោះមានឮសូរសំឡេងរបស់មនុស្សយ៉ាងសន្ធឹក ដែលនៅដោយឥតកង្វល់ជាមួយនឹងនាង ក៏មានគេនាំពួកសេបា ពីទីរហោស្ថានមក ជាមួយនឹងមនុស្សកកកុញនោះ ពួកទាំងនោះបានបំពាក់កងនៅដៃនាង ហើយក្បាំងយ៉ាងល្អនៅលើក្បាល។
43 នោះខ្ញុំបាននឹកពីនាង ដែលធ្លាប់ប្រព្រឹត្តសេចក្ដីកំផិតជាយូរមកហើយថា ឥឡូវនេះ មុខជាគេនឹងសហាយគ្នានឹងគ្នាហើយ
44 គេក៏ចូលទៅឯនាង ដូចជាចូលទៅឯស្រីសំផឹង គឺយ៉ាងនោះដែលគេបានចូលទៅឯអូហូឡា និងអូហូលីបា ជាស្រីឥតខ្មាសនោះ
45 ប៉ុន្តែនឹងមានមនុស្សសុចរិតជំនុំជំរះនាងទាំង២ តាមមាត្រាច្បាប់ដែលត្រូវខាងស្រីកំផិត ហើយតាមមាត្រាច្បាប់ត្រូវខាងស្រីដែលកំចាយឈាម ពីព្រោះនាងទាំង២ជាស្រីកំផិត ហើយដៃគេក៏ប្រឡាក់ដោយឈាមផង
46 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងនាំមនុស្ស១ពួកឡើងមកទាស់នឹងនាង ហើយនឹងប្រគល់នាងទៅគេ ឲ្យត្រូវបៀតបៀនហើយរឹបជាន់
47 ពួកមនុស្សទាំងនោះនឹងចោលនាងនឹងថ្ម ហើយផ្តិលនាងដោយដាវ គេនឹងសំឡាប់កូនប្រុសកូនស្រីរបស់នាង ហើយដុតផ្ទះនាងចោល
48 គឺយ៉ាងនោះដែលអញនឹងបំបាត់ការអាស្រូវបារាយណ៍ ពីស្រុកចេញ ដើម្បីនឹងបង្រៀនពួកស្រីៗទាំងអស់ មិនឲ្យប្រព្រឹត្តតាមការអាស្រូវបារាយណ៍នាងតទៅ