អេសេគាល 28:17-23 KHOV

17 ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារណា​ឯង

18 ឯង​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​ឯង ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​ឯង ហេតុ​នោះ​អញ​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​កណ្តាល​ឯង​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​ឯង អញ​បាន​ឲ្យ​ឯង​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​ឯង

19 អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​ឯង គេ​នឹង​ស្រឡាំង‌កាំង​ទៅ​ដោយ​ព្រោះ​ឯង ឯង​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មាន​នៅ​ជា​ដរាប​ត​ទៅ។

20 រួច​មក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

21 កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ឯង​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ទាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា

22 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល ស៊ីដូន​អើយ អញ​ទាស់​នឹង​ឯង ហើយ​អញ​នឹង​បាន​ដំកើង​ឡើង​នៅ​កណ្តាល​ឯង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​វា ហើយ​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្នុង​វា​ដែរ

23 ពី​ព្រោះ​អញ​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា និង​ឈាម​ទៅ​នៅ​អស់​ទាំង​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្តាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត