21 កូនមនុស្សអើយ ចូរតាំងមុខឯងត្រង់ទៅឯស៊ីដូន ហើយទាយទាស់នឹងទីក្រុងនោះថា
22 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាល ស៊ីដូនអើយ អញទាស់នឹងឯង ហើយអញនឹងបានដំកើងឡើងនៅកណ្តាលឯង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានសំរេចសេចក្ដីយុត្តិធម៌ដល់វា ហើយបានញែកជាបរិសុទ្ធ នៅក្នុងវាដែរ
23 ពីព្រោះអញនឹងចាត់អាសន្នរោគទៅក្នុងវា និងឈាមទៅនៅអស់ទាំងផ្លូវរបស់វា ពួកអ្នកដែលត្រូវរបួសនឹងដួលនៅកណ្តាលវា ដោយមានដាវគ្របសង្កត់នៅគ្រប់ទិស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
24 ដូច្នេះ នឹងលែងមានបន្លាចាក់ចុចដល់ពួកវង្សអ៊ីស្រាអែល ឬបន្លាធ្វើទុក្ខ នៅក្នុងសាសន៍ណានៅព័ទ្ធជុំវិញ ដែលប្រព្រឹត្តនឹងគេដោយមើលងាយទៀតឡើយ នោះគេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
25 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញបានប្រមូលពួកវង្សអ៊ីស្រាអែល មកពីគ្រប់សាសន៍ ដែលគេត្រូវខ្ចាត់ខ្ចាយទៅនោះ ហើយអញបានញែកជាបរិសុទ្ធនៅក្នុងពួកគេ ចំពោះភ្នែកនៃសាសន៍ដទៃ នោះគេនឹងអាស្រ័យនៅក្នុងស្រុករបស់ខ្លួន ដែលអញបានឲ្យដល់យ៉ាកុប ជាអ្នកបំរើអញ
26 គេក៏នឹងនៅក្នុងស្រុកនោះដោយសុខសាន្ត អើ គេនឹងសង់ផ្ទះ ព្រមទាំងដាំដំណាំទំពាំងបាយជូរ និងអាស្រ័យនៅដោយសុខសាន្តផង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ពួកអ្នកនៅជុំវិញដែលបានប្រព្រឹត្តនឹងគេដោយសេចក្ដីមើលងាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេពិត។