14 ក៏នឹងនាំពួកអេស៊ីព្ទដែលនៅជាឈ្លើយឲ្យមកវិញ ហើយឲ្យគេត្រឡប់ទៅនៅឯស្រុកប៉ាត្រូស ជាស្រុកកំណើតរបស់ផងខ្លួន គេនឹងបានជានគរយ៉ាងទាបថោកនៅទីនោះ
15 នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត
16 នោះពួកវង្សអ៊ីស្រាអែល នឹងលែងទុកចិត្តនឹងគេតទៅ ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
17 លុះដល់ថ្ងៃ១ ខែចេត្រ ឆ្នាំទី២៧ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
18 កូនមនុស្សអើយនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបំរើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវទំពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែស្តេច ព្រមទាំងពួកពលទ័ពឥតមានកំរៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបំរើទាស់នឹងវានោះឡើយ
19 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយ ហើយយករបឹប និងរំពាផង នោះនឹងបានជាបំណាច់ដល់ពួកកងទ័ពរបស់ខ្លួន
20 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឲ្យស្រុកអេស៊ីព្ទដល់គេ ទុកជាបំណាច់នៃការដែលគេបានបំរើនោះ ពីព្រោះគេបានធ្វើការនោះបំរើដល់អញ។